
លោក ផែង វណ្ណៈ ដែលគេស្គាល់ថាជាមន្ត្រីមួយរូបបានធ្វើការបញ្ចេញលិខិមួយរបស់ក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាតអោយក្រុមហ៊ុនសុខា ផ្លាស់ប្តូរឈ្មោះ ឋានសួគ៌បូកគោ មក សុខាឋានសួគ៌ វិញដោយលិខិតមួយនោះបានចុះកាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ។ ការផ្លាស់ប្តូរឈ្មោះរមណីដ្ឋានប្រវត្តសាស្ត្រ ដែលមានស្លាកនៅច្រកចេញចូលឡើងទៅលើភ្នំបូកគោ ត្រូវបានមហាជនទូទាំងប្រទេសមានការប្រតិកម្មយ៉ាងខ្លាំង រហូតដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៧ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើការបញ្ជារអោយអភិបាលខេត្ត កំពត ចុះទៅធ្វើការរុះរើនិងដាក់ស្លាកឈ្មោះចាស់ឡើងវិញជាបន្ទាន់ផងដែរ។


បើទោះជាយ៉ាងណាក្តីលោក ផែង វណ្ណៈ បានធ្វើការទម្លាយឯកសាររបស់ក្រសួងពាណិជ្ជកម្ម ដែលបានអនុញ្ញាត ដល់ក្រុមហ៊ុន សុខា ថា៖ “ទោះបីទួលព្រះបង្គំនិយាយហើយស្លាប់ក៏ត្រូវតែហ៊ាននិយាយការពិតសិនដែរ ការពិតនៃការដូរឈ្មោះ រមនីយដ្ឋានប្រវត្តិសាស្ត្រភ្នំបូកគោ ទៅជា រមនីយដ្ឋាន សុខាឋានសួហ៌ គឺ ក្រសួងពាណិជ្ជកម្ម ជាអ្នកអនុញ្ញាតិតាមរយះលិខិតលេខ ០៩៨៦ ចុះថ្ងៃទី ០១ កញ្ញា ឆ្នាំ ២០១៧ មានចុះហត្ថលេខារបស់លោក សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ។ ក្នុងលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានចម្លងជូនមក សាលាខេត្តកំពត ដែរ ។ បើរដ្ឋបាលខេត្តកំពតឆ្លើយថាមិនបានដឹង រឿងក្រុមហ៊ុន សុខា ដូរឈ្មោះ រមនីយដ្ឋានប្រវត្តិសាស្ត្រភ្នំបូកគោ តើលិខិតរបស់ក្រសួងពាណិជ្ជកម្មនេះ បាត់ទៅណា ? ឬ សាលាខេត្តកំពតមិនបានទទួល ? ខ្ញុំផ្សាយលិខិតនេះមីនមានចេតនា រឹះគន់អស់លោកណាទេ គ្រាន់តែបារម្ភខ្លាចមានមន្ត្រីខ្លះរាយការណ៍កុហកថ្នាក់លើ ថា ការដូរឈ្មោះនេះគឺ ធ្វើដោយគ្មានការអនុញ្ញាតិ ។ ការមិនផ្ដល់ព័ម៌មានគ្រប់ជ្រុងជ្រោយអោយថ្នាក់លើ អាចអោយថ្នាក់លើសម្រេចចិត្តខុស ឬ អាចមានប្រសាសន៍ខុស ។ គួរពុំគួរមេត្តាអធ្យាស្រ័យ ព្រោះខាងខេត្តកំពតបង្ខំចិត្តអោយខ្ញុំផ្សាយលិខិតនេះពេក តាមពិតទៅខ្ញុំចង់ជួយលាក់ដែរ តែគិតសព្វៗទៅ បើខ្ញុំលាក់ ខ្ញុំនឹងរួមចំណែកខុស ។”

គួរបញ្ជាក់ផងដែរថា នៅក្នុងលិខិតអនុញ្ញាតរបស់ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ច្បាស់រាល់ការតវ៉ាណាមួយទាក់ទងនឹងការផ្លាស់ប្តូរនេះ គឺក្រុមហ៊ុនត្រូវទទួលខុសត្រូវទាំងស្រុងផងដែរចំពោះមុខច្បាប់៕

