
ក្រោយពីមានការរិះគន់ ទៅលើអ្នកស្រី ហ៊ឹម ស៊ីវន ពីសំណាក់បណ្ដាអ្នកលេងហ្វេសប៊ុកមួយចំនួន ចំពោះទង្វើកាយវិការត្រាប់តាមបេក្ខនារីម្នាក់ក្នុងកម្មវិធីសំនៀងឯក ក៏មានសារព័ត៌មានជាច្រើនបានចេញផ្សាយ។ ក្នុងនោះក៏មានបណ្ដាអ្នកលេងបណ្ដាញសង្គមមួយចំនួនបានធ្វើការចូលបញ្ចេញមតិផ្សេងៗគ្នា ដែលខ្លះបានសម្តែងនូវការមិនពេញចិត្ត ដោយបានធ្វើការរិះគន់តារាចម្រៀងជើងចាស់រូបនេះខ្លាំងៗតែម្តង។ ទាក់ទងនឹងរឿងនេះផងដែរ អ្នកនាង ម៉េង កែវពេជ្ជតា ដែលជាសិល្បករជើងចាស់ ហើយក៏ត្រូវជាគណកម្មការមួយរូបក្នុងកម្មវិធីជាមួយគ្នានេះ ក៏បានធ្វើការបញ្ចេញមតិយោបល់ និងបកស្រាយលើគណនីហ្វេសប៊ុករបស់ខ្លួនទៅអ្នកខមិនរិះគន់មួយរូបដែលបាននិយាយហួសហេតុ។ សូមអានសាររបស់អ្នកស្រី៖
“ជំរាបសួរបងប្អូនទស្សនិកជន និងមិត្តសម្លាញ់ទាំងអស់ ! ជាដំបូង ខ្ញុំសូមអភ័យទោសទុកជាមុន បើការនិយាយរបស់ខ្ញុំមានខុសឆ្គងត្រង់ចំនុចណាមួយ ។ ប៉ុន្មានថ្ងៃនេះ ក្នុងបណ្តាញពត៌មានមួយចំនួនហាក់គ្របសង្កត់ទៅលើអ្នកបង ហុឹម សុីវនខ្លាំងណាស់ ។ ក្នុងនាមនាងខ្ញុំជាអ្នករួមការងារ នាងខ្ញុំសូមចិត្តបងប្អូន កុំរិះគន់ និងមើលគាត់ក្នុងផ្លូវអាក្រក់អី គាត់មិនមានបំណងមាក់ងាយដល់បេក្ខនារីណាម្នាក់ដូចការមើលឃើញនោះទេ ។ សូមចាត់ទុកថា បងស្រីគាត់និយាយត្រង់ពេកទៅចុះ តែក៍ជាបទពិសោធន៍សំរាប់អ្នកប្រលងដែរ ។ ពាក្យចាស់ពោលថា ពុតគ្រូកុំត្រាប់ ច្បាប់គ្រូអោយយក ។ កោកៗ សឹកមាត់ត្រដោកឆ្អែតពោះក្របី ។ អ្នកដែលត្រង់រមែងទទួលរងរបួសច្រើនជាងអ្នកក្រឡិចក្រឡុច ។ ការដែលអាចទទួលយកបាននូវគ្រប់រស់ជាតិក៍ជាភាពរឹងមាំសំរាប់ខ្លួនឯងដែរ ។ គ្មានការបង្រៀនណាដែលត្រជាក់ស្រេបរហូតនោះទ ។ សូមបញ្ចប់រឿងនេះសិនចុះ ។ ងាកមកមើលអត្ថបទដែលសរសេរដោយពត៌មានមួយនេះម្តង ។ តើបងប្អូនយល់ទេថាគាត់ចង់សរសេរពីអ្វី ? តើគាត់សរសេរខុស ឬខ្ញុំមើលច្រលំ ? ម៉េចក៍ច្របូកច្របល់អីម្ល៉េះ ? លេងសើចពេកហើយ ពត៌មានអញ្ចឹងៗ ក៍ចេះតែលើកយកមកផ្សាយអោយខូចកិត្តយសគេដែរ ។ តើនរណាបង្រៀនគាត់អោយសរសេរបែបហ្នឹង ? ណ្ហើយកុំអោយហត់ភ្នែក ខ្ញុំសូមចាប់យកខមិនក្នុងរង្វង់ក្រហមមួយនេះមកពិចារណាវិញ ។
បងប្អូនទស្សនិកជនជាទីគោរព ! បើយើងនិយាយរឿងរិះគន់ក្នុងន័យស្ថាបនាពីមហាជន យើងខ្ញុំទទួលយកបានដោយរីករាយ ។ ប៉ុន្តែការរិះគន់របស់ម្នាក់នេះចូលលក្ខណៈលើសហើយ.. លើសខ្លាំងទៀតផង ។ ដែលលើសខ្លាំងនោះគឺ ទី១ តើហេតុអីក៍ត្រូវរាលដាលដល់កម្មវិធីសំនៀងចែងចាំងដែរ ? ចង់ផ្លែផ្កាអោយនរណា? អោយខ្ញុំ ? ? ទី២ តើហេតុអីក៍អ្នករិះគន់ម្នាក់ហ្នឹងព្យាយាមប្រៀបធៀបកម្មវិធីនេះ ជាមួយកម្មវិធីនោះម្ល៉េះទាំងដឹងថា សំនៀងឯក ជាកម្មវិធីជាតិបង្កើតឡើងដោយកូនខ្មែរ ? មានបំណងអី ? ស្អប់ខ្មែរ ? មិនចង់ឃើញខ្មែររីកចម្រើន ? សូមនិយាុយដោយចិត្តបរិសុទ្ធ ទាំងខ្ញុំ ទាំងគេ សូមអបអរ ដែលទូរទស្សន៍ក្នុងស្រុកមានកម្មវិធីពីបរទេសមកផ្សព្វផ្សាយ ប៉ុន្តែក្នុងនាមជាម្ចាស់ប្រទេសទាំងមូលមិនបាច់ធ្វើអីទេចាំតែយកពីគេ ត្រាប់តាមគេរហូតទៅឬយ៉ាងម៉េច ? ហើយក្រែងយើងហ្នឹងដែលចង់អោយខ្មែរមានអ្វីដែលជារបស់ខ្មែរមិនលួចចម្លងនោះអី រួចគិតឃើញយ៉ាងម៉េចមកដើរស្រែកជេរ ស្រែករិះគន់ទើសទាល់មិនសំរាកដូច្នេះ ? ឬក៍យល់ថាខ្លួនគាត់អស្ចារ្យ ណាស់ដែលអង្គុយត្រេកត្រអាលជាមួយតែកម្មវិធីគេហើយភ្លេចកំណើតខ្លួន ? ? តើហេតុអីក៍អ្នករិះគន់ម្នាក់ហ្នឹងចូលចិត្តយកមនុស្សមកប្រៀបធៀបគ្នាម្លេះ ? ឬគាត់កំពុងព្យាយាមអោយអ្នកសិល្បៈខាំគ្នាដោយសារប្រយោជន៍បន្តិចបន្តួចហ្នឹង ?
ឬចង់អោយតារា និងទូរទស្សន៍មើលមុខគ្នាមិនចំ ? ហើយហេតុអីក៍ដឹងថាទូរទស្សន៍ទាំងនោះមិនត្រូវការពេជ្ជតា ? មាត់អត់គំរប បើមិនដឹងរឿង សូមកុំចេះតែមានប្រសាសន៍ទាន ! ! សូមជំរាបថាការប្រលងចំរៀងសំនៀងចែងចាំងមិនធ្វើការបន្តគឺគ្មានពាក់ព័ន្ធអ្វីនឹងការដើរទិញអីវ៉ាន់នៅផ្សារថ្មីរបស់ពេជ្ជតាទេ ហើយកម្មវិធីទាន់សម័យកំរិតពិលោកនៅទូរទស្សន៍ដែលអ្នកកំពុងតែអួតនោះ ក៍ធ្លាប់បានអញ្ជើញពេជ្ជតាមិនដឹងជាប៉ុន្មានសិបដងហើយដែរ ប៉ុន្តែលក្ខខណ្ឌចំពេលពេជ្ជតាជាប់កិច្ចការមិនអាចទទួលបាន ។ ហេតុអីក៍ត្រូវបន្ទោសពេជ្ជតាដែរ ? ខ្លួនគាត់កំពុងរិះគន់គេថាមិនចេះធ្វើការរិះគន់អោយសមតួនាទីជាមេប្រយោគ ប៉ុន្តែខ្លួនគាត់បែរជាធ្វើការរិះគន់មកលើអ្នកដទៃទាំងលំអៀង មើលងាយ ដោយគំនិតរាក់កំផែលទៅវិញ ! ! ការរិះគន់បែបនេះ គឺក្នុងបំណងចំអក សើចយំ និងបញ្ឈឺដើម្បីអោយសប្បាយចិត្តតែខ្លួនឯងប៉ុណ្ណោះគ្មានចេតនាស្ថាបនាអ្វីទេ ។ បើតែយ៉ាងនេះ ថ្ងៃណាទើបអ្នកចេះដឹងមានឱកាសបញ្ចេញស្នាដៃទៅ ? ? ហើយតើគុណភាពពិតនៅឯណាបើពួកគេចូលចិត្តផ្អែម បញ្ចើចបញ្ចើរ បោកបន្លំ ហើយមិនហ៊ានទទួលយកការពិតផង ? ? ស្រែករករបស់ Original តែខ្លួនកំពុងតែឱបរបស់ Copy ឡើងបែកញើសដៃ មិនចេះខ្មាស់គេ។
សូមរំលឹកផងថា គ្មានបរទេសណាគេមកធ្វើបាបខ្មែរទេ បើខ្មែរគ្នាឯងមិនធ្វើបាបគ្នា ហើយបើបរទេសឈ្នះយើងនោះក៍មិនមែនព្រោះតែបរទេសគេខ្លាំងដែរ គីមកពីខ្មែរខ្លួនឯងហ្នឹងខ្សោយ ។ ពាក្យពិតរែងស្លែង ។ ទោះជាយ៉ាងណា ពេជ្ជតានៅតែមិនខ្លាច ។ សូមអរគុណនូវការគាំទ្រ ការស្រលាញ់ និងការជឿជាក់ពីសំណាក់បងប្អូនទស្សនិកជន ។ សូមអរគុណ ម៉ោង ៤ព្រឹក ថ្ងៃទី ៣ ខែតុលា ២០១៧ ។ សរសេរទាល់តែចប់មិនចាំស្អែក អរគុណការអាន”។ គួរបញ្ជាក់ផងដែរថា បេក្ខនារីមួយរូបក្នុងកម្មវិធីសំនៀងឯក មានឈ្មោះថា សុខ វិសាល មកពីខេត្ត សៀមរាប បានបកស្រាយបទ “រាត្រីសេកុង” ហើយក៏ទទួលការបញ្ចេញមតិយោបល់ពីសំណាក់គណកម្មការគឺតារាចម្រៀងជើងចាស់ទាំង ៤ដួង គឺ លោក ណយ វណ្ណេត ហួរ ឡាវី អ្នកស្រី ម៉េង កែវជ្ជតា និង អ្នកស្រី ហឹុម សុីវន។ ក្នុងនោះផងដែលអ្នកស្រី ហឹុម សុីវន បានធ្វើការត្រាប់តាមលើបេក្ខនារីមកពីខេត្ត សៀមរាប នោះដោយថាច្រៀងដូចកូនក្មេង។ ជាហេតុធ្វើឲ្យមហាជនជាច្រើននៅលើបណ្តាញសង្គម បានសម្តែងនូវការមិនពេញចិត្ត ចំពោះទង្វើកាយវិការរបស់អ្នកស្រី៕











សូមចុចមើលវីដេអូខាងក្រោមនេះ
Posted by Vibe Radio Cambodia on Sunday, October 1, 2017
កម្មវិធី " សំនៀងឯក ខារ៉ាបាវ " របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលជាកម្មវិធីប្រលងចម្រៀងលំដាប់ជាតិ បេក្ខនារី ៖ សុខ វិសាល (សៀមរាប) ច្រៀងបទ ៖ រាត្រីសេកុង #samneangeak #BayonTV
Posted by សំនៀងឯក - samneang eak on Saturday, September 30, 2017

