
ពស់ថ្លាន់យក្សមួយក្បាលបានវាយប្រហារទៅលើបុរសឥណ្ឌូនេស៊ីម្នាក់ ដែលស្ទើរតែដាច់កំបុតដៃរបស់គាត់ទៅហើយ មុនពេលដែលអ្នកស្រុកដែល ស្រេកឃ្លានបានចាប់យកសត្វល្មូនយក្សនោះមកកាប់ ហើយបរិភោគវាទៅ។ នេះជាការលើកឡើងពីនាយប៉ូលិសម្នាក់កាលពីថ្ងៃពុធ។
ឆ្មាំសន្តិសុខ Robert Nababan បានដើរឆ្លងកាត់ផ្លូវលំ ហើយជួបប្រទះនឹងសត្វល្មូនយក្សពេលកំពុងល្បាត នៅក្នុងចម្ការដំណាំដូងប្រេងក្នុងស្រុក Batang Gansal ឆ្ងាយដាច់ស្រយាលនៃកោះ Sumatra កាលពីថ្ងៃសៅរ៍។
នាយប៉ូលិសក្នុងស្រុកឈ្មោះ Sutarja ដែលមានឈ្មោះយ៉ាងខ្លីដូចគ្នាទៅនឹងជនជាតិឥណ្ឌូនេសីុភាគច្រើននោះបានប្រាប់ AFP ថា ថ្លាន់មួយក្បាលនេះ មានប្រវែងដល់ទៅ៧,៨ម៉ែត្រ វាមានរាងធំស្ទើរតែមិនគួរ ឲ្យជឿ។
លោក Sutarja បាននិយាយថា បុរសឈ្មោះ Nababan អាយុ៣៧ឆ្នាំ ដែលចូលចិត្តបរិភោគសត្វពស់ បាន ព្យាយាមតាមចាប់យកពស់ថ្លាន់យក្សនេះ ហើយយកទៅញាត់ចូលទៅក្នុងបាវមួយ។ ប៉ុន្តែសត្វល្មូនដ៏ធំសម្បើមនោះបានវាយបកមកវិញដោយខាំដៃខាងឆ្វេងរបស់គាត់ ធ្វើឲ្យរងរបួសស្ទើរតែដាច់ដៃ ចេញពីរូបកាយគាត់ទៅហើយ។
Nababan បានរូតរះទៅកាន់មន្ទីរពេទ្យមួយនៅទីប្រជំុជនក្បែរនោះដើម្បីព្យាបាល។ នាយប៉ូលិសបានបន្តថា ការអន្តរាគមន៍ពីឆ្មាំសន្តិសុខម្នាក់ទៀត រួមជាមួយអ្នកស្រុកមួយចំនួនដោយមានម្នាក់ក្នុងចំណោមពួកគេបានយកកំណាត់ឈើសំពងពស់ថ្លាន់នោះ ដើម្បីជួយសង្គ្រោះជីវិតបុរសដែលរងគ្រោះ។
ក្រុមអ្នកស្រុកដ៏ស្រេកឃ្លាន ក្រោយមកបានសម្លាប់សត្វពស់ថ្លាន់ហើយបានយកសពរបស់វា មកចូលក្នុងភូមិដើម្បិធ្វើអាហារបរិភោគ។ប្រភេទពស់ថ្លាន់យក្សដែលមានប្រវែងខ្លួនដល់ទៅ៦ម៉ែត្រឡើងទៅ ត្រូវបានប្រទះឃើញជាទូទៅនៅប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។
កាលពីខែមីនា កសិករឥណ្ឌូនេសីុម្នាក់អាយុ២៥ឆ្នាំ ត្រូវបានរកឃើញនៅក្នុងពោះរបស់ពស់ថ្លាន់យក្សមួយក្បាល បន្ទាប់ពីសត្វពស់ដែលលេបមនុស្សនោះត្រូវចាប់បាននៅក្បែរកន្លែងដែលបុរសនោះកំពុងច្រូតកាត់ប្រមូលផលធញ្ញជាតិរបស់គាត់នៅភាគខាងកើតកោះ Sulawesi ៕ ប្រភព៖ AFP ប្រែសម្រួលដោយ កម្ពុជាថ្មី






