ភ្នំពេញ៖ មុននេះបន្តិចក្នុងគណនីហ្វេសប៊ុកកុមារា ដែលជាអតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ កុមារា ឡុង លីគ័ង្គ បានបង្ហោះរូបភាពក្នុងសភាពទឹកមុខដ៏ក្រៀមក្រម ឈក្បែរមឈូសដែលមានដាក់តាំងរូបថត បុរសវ័យចំណាស់ ឃើញក្នុងរូបថតស្រមោលៗចន្លោះកម្រងផ្កា ភ្ជាប់ដោយសាររៀបរាប់ក្នុងន័យដ៏ក្តុកក្តូលថា «លោកតាបានទៅចោលចៅរហូតហើយ តែពាក្យដែលលោក តា ធ្លាប់ស្តីប្រដៅចៅ និងចងចាំជាប់ក្នុងចិត្តជានិច្ច ចៅនិងខំប្រឹងប្រែងដើរលើវិថីមួយនេះអោយបានល្អ សូមលោកតាទៅអោយបានសុខចុះ »។
ដំណឹងនៃមរណភាពលោកតារបស់កុមារា ឡុង លីគ័ង្គ ដែលមានពន្លឺសិល្បៈឆ្ពោះទៅរកភាពត្រចះត្រចង់ ទោះបរាជ័យឱកាសលើកពាន The Voice Kids Cambodia រដូវកាលទី ១ នេះដែរ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលព្រមជាមួយការផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងសោកសៅមួយនេះ។ យ៉ាងណតារាចម្រៀងកុមារា ឡុង លីគ័ង្គ ក៏មិនទាន់បញ្ជាក់ថាលោកតារបស់ខ្លួនទទួលមរណភាព នៅពេលណា និងដោយសារអ្វីឡើយ។
តែកុមារារូបនេះ ហាក់អារម្មណ៍ស្ថិតក្នុងភាពដ៏វិលវល់ ស្តាយស្រណោះ ជីតា ដែលក្រៅពីនិទានពាក្យចេញពីក្នុងចិត្ត ស្តាយអស់ឱកាស មានតា នៅមើលថែ និងសារអប់រំ ក៏បន្ទរដោយពាក្យពេចន៍ខ្លី ដែលបង្ហាញពីន័យអស់អ្វីនិងបរិយាយចេញថា «ក្រោយពេលដែលតា ឃ្លាតឆ្ងាយទៅ»។





