ភ្នំពេញ ៖ រថយន្តតាកូម៉ា០១គ្រឿងបានបើកបោះពួយល្បឿនយ៉ាងលឿនវ៉ាជែងរថយន្តខាងមុខមិនបានប្រយត្ន័ជ្រុលទៅបុកចំពីមុខរថយន្តកូរ៉េបណ្តាលឲ្យរួញកាប៊ីនគៀបជាប់មនុស្ស៣នាក់ ស្រី២នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេបានឃើញរថយន្ត០១គ្រឿង ម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខរដ្ឋ36 2-0323 បានបើកបរនៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនវ៉ាជែគេវ៉ាជែងឯងស្រាប់តែមកដល់ចំណុចកន្លែងកើតហេតុបានបុករថយន្តកូរ៉េ០១គ្រឿងនៅខាងមុខ ចំណុះ១តោន ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4065 បើកក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យមនុស្សក្នុងកាប៊ីន០៣នាក់គៀបជាប់ក្នុងការប៊ីនរថយន្ត ក្រៅពីនោះនៅមានសាច់ញាតិជិះនៅខាងក្រោយ ជាច្រើននាក់ទៀតមិនមានរងរបួសឡើយ ។
ជនរងគ្រោះទាំង៣នាក់ដែលគៀបជាប់ក្នុងកាប៊ីន រថយន្តត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ ជួយអន្តរាគមន៍ កាត់វះរថយន្ត ដើម្បីយកជនរងគ្រោះចេញ ដឹកហើយបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ក្រុងបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងរួចបានយកវត្ថុតាងទាំង០២គ្រឿងយកទៅរក្សាទុកនៅចរាចរណ៍ក្រុងរងចាំធ្វើការដោះស្រាយនៅពេលក្រោយតាមនិតិវីធីផ្លូវច្បាប់៕














