អតីតបេក្ខភាព Cambodian idol រដូវកាលទី ២ ពីរដួងដែលជាសាច់ឈាមបង្កើតនឹងគ្នា នាង គន្ធា និង នាង ប្រាក់សុគន្ធ បើទោះបីជាអ្នកទាំងពីរមិនបានលើកពានក៏ពិតមែន ប៉ុន្ដែតារាចម្រៀងមកពីខេត្តបាត់ដំបងទាំងពីរដួងនេះ ក៏ទទួលបានប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់ពីមហាជន មិនតែប៉ុណ្ណោះក្មេងស្រីវ័យ ១៧ ឆ្នាំ នាង គន្ធា ថែមទាំងបានក្លាយជាតារាចម្រៀងមួយរូបប្រចាំផលិតកម្មសាន់ដេទៀតផង ។
ជាមួយគ្នានេះ បើតាមការសង្កេតសកម្មភាពកន្លងមករបស់បងប្អូនមានជំនាញផ្នែកសិល្បៈឃើញថា តារាចម្រៀងស្រីវ័យក្មេង នាង គន្ធា និង បងប្រុស នាង ប្រាក់សុគន្ធ តែងតែបង្ហាញការស្រឡាញ់យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកខ្លាំងណាស់ គួរឱ្យកោតសរសើរមែនទែន ។
ជាក់ស្ដែងតាមរយៈរូបថតជាច្រើនសន្លឹកដែលពួកគេបានថតនៅក្នុងឱកាសពិធីបុណ្យភ្ជុំទើបតែកន្លងទៅថ្មីៗនេះ អាចបង្ហាញកាន់តែច្បាស់ថា តារាចម្រៀងវ័យក្មេងមកពីខេត្តបាត់ដំបងទាំងពីរដួងនេះ ពិតជាស្និទ្ធស្នាល និង ស្រឡាញ់គ្នាសមជាបងប្អូនដ៏ល្អពិតមែន អ្នកដែលមិនដឹងអាចនឹងច្រឡំថាពួកគេជាគូស្នេហ៍ក៏ថាបាន ធ្វើឱ្យមហាជនដែលនិយមគាំទ្រពួកគេ រំលេចនូវពាក្យពេចន៍សរសើរមិនស្ទើរឡើយ ៕











