បន្ទាប់ពីទទួលដំណឹងថាលោក យូ ឌីស្កូ ធ្លាក់ខ្លួនឈឺធ្ងន់ដោយពេលនេះកំពុងសម្រាកព្យាបាល និង ពិនិត្យតាមដានជំងឺនៅក្នុងមន្ទីរពេទ្យនោះ អ្នកនាង ទូច ស្រីលក្ខណ៍ ជាមិត្តស្និទ្ធស្នាលក្នុងសិល្បៈមួយរូបបានទៅសួរសុខទុក្ខដល់មន្ទីរពេទ្យ ហើយថែមទាំងបានសម្តែងអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង ខណៈឃើញដៃគូរូបនេះធ្លាក់ខ្លួនក្នុងស្ថាភាពនេះ ។

អ្នកនាង ទូច ស្រីលក្ខណ៍ បានសរសេរសារបង្ហោះបង្ហោញពីអារម្មណ៍ក្តុកក្តួលរបស់ខ្លួនយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំពិតជាស្លុតមែនទែនពេលដែលបានដឹងថាដៃគូសម្តែងរបស់ខ្ញុំកំពុងឈឺជាទម្ងន់ ដែលឥឡូវគាត់ត្រូវការឈាមជាបន្ទាន់ ហើយអ្វីដែលធ្វើ ប្អូនជួយបងបាន មានលុយបន្តិចបន្តួចជូនបង ហើយខ្ញុំដឹងថាមិនច្រើនទេ តែអ្វីដែលយើងអាចជួយគ្នាបានគឺពេលលំបាកនេះហើយ អរគុណដល់បងស្រី ចន ច័ន្ទលក្ខិណា ដែលបានយកចិត្តទុកដាក់រាល់បញ្ហារបស់សិល្បៈ គាត់យំពេលឃើញពួកយើងមកដល់ ហើយអ្វីដែលសំខាន់មកទល់ពេលនេះជំងឺគាត់នៅមិនទាន់ដឹងថាយ៉ាងណានោះទេ» ។
គួរបញ្ជាក់ដែរថា លោក យូ ឌីស្កូ គឺជាតារាសិល្បៈមួយរូបដែលមានឈ្មោះល្បីក្នុងពិភពសិល្បៈខ្មែរ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះគេបានកត់សម្គាល់ឃើញថាលោកហាក់មានភាពស្ងប់ស្ងាត់ និង រយាលពីការងារសិល្បៈមួយស្របក់ធំមកហើយ លុះលេចមុខមកនាពេលនេះស្រាប់តែគេទទួលដំណឹងថាលោកធ្លាក់ខ្លួនឈឺធ្ងន់ដល់ថ្នាក់ចូលពេទ្យសង្គ្រោះបន្ទាន់តែម្តង ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា លោក យូ ឌីស្កូ គឺកើតជំងឺទឹកនោមប្រៃធ្ងន់ធ្ងរ ប៉ុន្តែបើតាមអ្នកនាង ទូច ស្រីលក្ខណ៍ បានបង្ហើបឱ្យដឹងថា គេមិនទាន់បានដឹងពីប្រភេទជំងឺរបស់លោក យូ ឌីស្កូ ច្បាស់នៅឡើយទេ ដែលពេលនេះក្រុមគ្រូពេទ្យកំពុងពិនិត្យតាមដានពីស្ថានភាពជំងឺលោក យូ ឌីស្កូ ហើយពេលនេះទៀតសោតគ្រូពេទ្យប្រាប់ថា លោក យូ ឌីស្កូ គឺកំពុងត្រូវការឈាមជាចាំបាច់ផងដែរ ៕ សាកល ប្រភព៖ ប្រជាប្រិយ






