
ចិន៖ ក្ដីស្រឡាញ់របស់ម្ដាយ គឺគ្មានលក្ខខ័ណ្ឌនោះទេ។ កាលពីពេលថ្មីៗនេះ មន្ត្រីប៉ូលីសមួយរូបនៅក្នុងប្រទេសចិនឈ្មោះ Hao Lina បានធ្វើឲ្យបេះដូងមនុស្សជាច្រើនសឹងតែរលាយអស់ ក្រោយពីប៉ូលីសស្រីរូបនេះបានសម្រេចចិត្តជួយបំបៅដោះកូនរបស់ជនសង្ស័យដែលទើបនឹងមានវ័យ ៤ខែ។ ជាក់ស្ដែង ម្ដាយរបស់ទារកកំពុងចូលរួមក្នុងការជំនុំជម្រះ ហេតុនេះទើបមិនអាចឃាត់កូនដែលកំពុងយំឃ្លានបាន។ ទោះជាយ៉ាងណាម្ដាយរបស់ទារកបានធ្វើការអនុញ្ញាតជាមុនផងដែរដល់ប៉ូលីសស្រី Hao ដើម្បីបំបៅក្មេងតូច។
ហេតុការណ៍ដ៏គួរឲ្យរំជួលចិត្តនេះកើតឡើងកាលពីថ្ងៃទី ២៣ ខែ កញ្ញា នៅឯតុលាការ Shanxi Jinzhong។ យោងតាមតុលាការបានអោយដឹងថាម្តាយរបស់ទារកត្រូវបានជាប់ចោទពីបទលួចបន្លំថវិកាដោយលួចលាក់យកប្រាក់បញ្ញើសាធារណៈ និងការលាក់បាំងឧក្រិដ្ឋកម្មជាមួយមនុស្ស ៣៣ នាក់ផ្សេងទៀត។ ប៉ូលីសស្រី Hao ដែលជាម្ដាយគេម្នាក់ផងដែរនោះបាននិយាយថា ទារកតូចដែលជាកូនរបស់ជនសង្ស័យត្រូវទុកឲ្យនាងនិងមិត្តរួមការងារផ្សេងទៀតជួយមើលថែសិន ខណៈដែលម្ដាយបង្កើតគេចូលតុលាការជំនុំជម្រះ។
ទោះយ៉ាងណា ក្មេងតូចមិនត្រូវបានគេឲ្យដឹងថាជាស្រីឬប្រុសនោះទេ។ គួរបញ្ជាក់ផងដែរថា រូបថតត្រូវថតឡើងដោយមិត្តរួមការងារជាមួយប៉ូលីសស្រីដ៏មានសណ្ដានចិត្តល្អរូបនេះ។ ក្រោយមករូបភាព ក៏ត្រូវបានបង្ហោះដោយវេបសាយផ្លូវការរបស់តុលាការផ្ទាល់តែម្ដង ។ ម្ដាយរបស់ក្មេងដែលមានឈ្មោះ Li មានអារម្មណ៍រំភើបជាខ្លាំងចំពោះអ្វីដែលប៉ូលីសស្រី Hao បានធ្វើ នាងមិនអាចទប់ទឹកភ្នែកជាប់នោះឡើយ ក្រោយពេលចេញពីតុលាការមក។ ប៉ូលីសស្រីរូបនេះក៏ទទួលបាននូវការសរសើរជាច្រើនពីសំណាក់សាធារណៈជនផងដែរ៕






