
លោកគ្រូសុខហេង ឬហៅគ្រូហេង ឬមានរហស្សនាមមួយទៀតគ្រូដៃទេវតា ត្រូវបានអ្នកជំងឺ និងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនស្គាល់តាមរយៈការព្យាបាលគរថ្លង់ ស្លាប់មួយចំហៀងខ្លួន ជាប់សរសៃឲ្យបានធូរស្បើយប្រសើរជាងមុនដោយដៃ និងទឹកមួយកែវ ហើយមិនទាមប្រាក់អ្វីមួយរៀលទេ។
លោកគ្រូចាប់ផ្ដើមគេស្គាល់ និងល្បីខ្លាំង នៅពេលលោកទៅព្យាបាលជនជាតិវៀតណាម នៅប្រទេសវៀតណាម រួចបង្ហោះវីដេអូព្យាបាលទាំងនោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះថា Sokhen Cher។ ការព្យាបាលដោយការម៉ាស្សាទាំងនោះទៀតសោត ត្រូវគេមើលឃើញថា អ្នកជំងឺភាគច្រើនបានធូរស្បើយគួរឲ្យកត់សម្គាល់ដូចជាអ្នកថ្លង់អាចស្ដាប់ឮជាងមុន អ្នកគរអាចបញ្ចេញសំឡេងនិយាយបានខ្លះៗ ហើយអ្នកជាប់សរសៃកម្រិតស្រាលក៏លោកគ្រូជួយចាប់សរសៃឲ្យកម្រើក ឬដើរបានដែរ។

ការព្យាបាលរបស់លោកគ្រូមានប្រសិទ្ធភាពគួរសមនេះហើយ លោកត្រូវបានមន្ត្រី ឯកឧត្តម មេប៉ូលិសនិងអ្នកធំៗមួយចំនួន អញ្ជើញទៅព្យាបាលដល់គេហដ្ឋានផងដែរ។ មែនទែនទៅ បើតាមសម្ដីរបស់គ្រូហេង ធ្លាប់អះអាងតាមរយៈវីដេអូថា លោកធ្លាប់ត្រូវបានឯកឧត្តមជាច្រើនរូប មេប៉ូលិស រហូតដល់ដន្លងសម្ដេចសាយ ឈ៊ុំ អញ្ជើញទៅព្យាបាលដែរកាលទៅខេត្តកំពុងចាម។
ការព្យាបាលដ៏សំខាន់មួយទៀត គឺនៅថ្ងៃទី ១៨ខែ កញ្ញា ឆ្នាំ ២០១៧ លោកគ្រូហេងត្រូវបាន ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចំរុះ ខ.ភ.ម និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញទៅព្យាបាលប្រជាពលរដ្ឋជាច្រើនដល់បន្ទាយទាហាន ស្វាយរលំ ក្រុងតាខ្មៅទៀតផង។ ទោះជាការព្យាបាលមិនយកប្រាក់ លោកនៅតែត្រូវអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនតូចចោទថា បោកប្រាស់ដែរ។

ងាកមកមើល កាលពីពីរបីថ្ងៃមុនពោលគឺនៅថ្ងៃទី ២៧កញ្ញាកន្លងទៅថ្មីៗនេះ ប្អូនស្រីរបស់លោកគ្រូសុខហេង ឈ្មោះស្រីពៅបាន Live វីដេអូប្រកាសដំណឹងមួយថា លោកគ្រូហេង បានផ្អាកព្យាបាលប្រមាណកន្លះខែដោយរាប់ចាប់ពេលនេះតទៅ ដោយលោកគ្រូត្រូវទៅតាំងសមាធិ (មិនបញ្ជាក់ទីតាំងតែគេសង្ស័យនៅវៀតណាម) និងមកព្យាបាលវិញនៅថ្ងៃទី ៩ ឬ១០តុលា ឆ្នាំ ២០១៧ វិញ។
ទោះជាមានការជូនដំណឹងបែបនេះក្ដី អ្នកជំងឺភាគច្រើនសុទ្ធតែចាស់ៗបានទៅគេងដល់ផ្ទះលោកគ្រូរង់ចាំលោកគ្រូមកវិញ ដោយមិនព្រមត្រលប់ទៅផ្ទះសិនឡើយ។ ការសម្រុកទៅផ្ទះគ្រូដោយរង់ចាំគ្រូមកវិញនេះ គឺជាបន្ទុកមួយដល់សមាជិកគ្រួសារគ្រូហេងដោយត្រូវរៀបចំកន្លែងគេង និងអាហារទទួលទានជាច្រើនថ្ងៃទៀតផង។


តាមរយៈវីដេអូ Live ចុងក្រោយនេះ ម្ដាយចំណាស់របស់គ្រូហេង បានរៀបចំដាំបបរមួយឆ្នាំងធំសម្រាប់អ្នកជំងឺជាច្រើននាក់ស្នាក់នៅទីនោះដោយទឹកមុខទទួលរួសរាយរាក់ទាក់យ៉ាងកក់ក្ដៅ។ យ៉ាងណាក្ដី ប្អូនស្រីរបស់គ្រូហេងបានអំពាវនាវឲ្យអ្នកជំងឺមិនទាន់បានព្យាបាល កុំទាន់ទៅផ្ទះគាត់អី ព្រោះគ្រូមិននៅទេ គឺត្រូវរង់ចាំដល់ថ្ងៃទី ៩ ឬទី ១០តុលា វិញ។


លេខដែលអាចទំនាក់ទំនងលោកគ្រូបានគឺ៖ 012 753 609 និងលេខជំនួយការកាត់ផ្ទាល់ 012 94 90 29
ខាងក្រោមនេះជាវីដេអូផ្ទាល់ពីប្អូនស្រីរបស់លោកគ្រូ ដែលប្រាប់ពីដំណឹងនេះ៖
Posted by Sokhen Cher on Saturday, September 23, 2017
Posted by Sokhen Cher on Sunday, September 17, 2017
ម្ដាយលោកគ្រូធើ្វបបរអោយបងប្អូនពូមីងញាំ
Posted by Hong Wang Hong on Saturday, September 30, 2017
សូមជូនដំណឹង
Posted by Hong Wang Hong on Wednesday, September 27, 2017

