មានការចែករំលែករបស់បងស្រីមួយរូប ដែលមានគណនីហ្វេសប៊ុកឈ្មោះថា ម៉ាក់កូនពេជ្រ វិសាល ទាក់ទងករណីកូនរបស់ខ្លួនដែលមានជម្ងឺចម្លែក កកឈាមលើដងខ្លួន វិះនឹងជួបគ្រោះថ្នាក់ធ្ងន់ធ្ងរ បើមិនបញ្ជូនទៅព្យាបាលទាន់ពេលទេនោះ។ ជាក់ស្តែង យោងតាមសារចែករំលែករបស់បងស្រី បានរៀបរាប់ឲ្យដឹងថា៖ «ដំណឹងសម្រាប់អ្នកម៉ាក់និងលោកប៉ា ថ្ងៃនេះសូមជូនដំណឹងទាក់ទងនឹងជំងឺដែលកូនប្រុសរបស់ខ្ញុំកំពុងតែព្យាបាល និងមានការណែនាំពីខាងក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុផ្ផា។ ដូចដែលអ្នកទាំងអស់គ្នាបានឃើញរូបដែលខ្ញុំបានបង្ហោះនេះហើយ វាបានកើតនៅលើខ្លួនកូនប្រុសរបស់ខ្ញុំ តាំងពីចាប់កំណើតមក ហើយពេលដំបូងខ្ញុំគិតថាវាជាស្នាមខ្នៅឬដៅដែលចាស់ៗជំនាន់យាយខ្ញុំគាត់ថាមកពីម្តាយគាត់មុនស្រលាញ់កូនទើបដៅស្នាមនេះលើខ្លួនកូនដើម្បីស្រួលចំណាំថាជាកូនខ្លួនជាតិមុន។ ប៉ុន្តែតាមដែលខ្ញុំដឹងស្នាមខ្នៅ ឬដៅវាមានលក្ខណៈដូចសាច់របស់យើងប្រលាក់ពណ៌ថ្នាំក្រហមឬខៀវក្រម៉ៅចឹងទៅ តែប្លែកតែស្នាមលើពោះកូនខ្ញុំនេះមិនមែនចឹងទេវាមានលក្ខណៈដូចដុះសាច់ឬប្រជ្រុយចឹង ទើបខ្ញុំឆ្ងល់និងចម្លែកចិត្តហើយពេលនៅតូចវាតូចដែរទេតែពេលកូនខ្ញុំកាន់តែធំវារីកតាមដែរ ខ្ញុំចាប់ផ្តើមភ័យព្រោះវាចម្លែកពេកមិនដែលប្រទះឬធ្លាប់លឺទេពីមុនមក បន្ទាប់មកមានខាងពេទ្យដែលគាត់បើកឱសថស្ថាននៅជិតផ្ទះខ្ញុំគាត់បានឃើញនិងបានជួយពិនិត្យមើលស្នាមនោះរួចគាត់ក៏ប្រាប់ថាវាជាជំងឺម៉្យាងដែលកម្រជួបដែរ ក្មេង១០នាក់ជួបតែ២ ឬ ៣នាក់ទេយ៉ាងច្រើន ហើយជំងឺនេះត្រូវព្យាបាល និងតាមដានអោយទាន់ពេលព្រោះវាជាជំងឺដែលពាក់ព័ន្ធជាមួយនឹងសរសៃឈាម ក្មេងពេលដែលចាប់កកើតក្នុងផ្ទៃម្តាយបាន៣ ៤ខែហើយសរសៃឈាមនឹងវាបានករកើតក្រៅសាច់របស់ក្មេង ដូចដែលយើងដឹងហើយថាសរសៃឈាមវាត្រូវរត់ពេញរាងកាយរបស់យើងទៅដល់បេះដូង ចឹងសរសៃឈាមនេះវានៅក្រៅសាច់វាអាចប៉ះពាល់ដល់បេះដូងរបស់ក្មេងជាយថាហេតុបានដោយសារមានសរសៃឈាមនេះកកនៅក្រៅសាច់។
គាត់ក៏បានផ្តល់យោបល់អោយទៅពិភាក្សាជាមួយនឹងមន្ទីរពេទ្យកុមារដើម្បីព្យាបាលដុំនេះ ។ បន្ទាប់មកកូនញុំបានប្រហែលជា៤ ៥ខែញុំយកទៅមន្ទីរពេទ្យគន្ធបុផ្ផាទៅបើកថ្នាំផ្តាសាយហើយក៏បានសួរលោកគ្រូពេទ្យនៅទីនោះពីដុំនេះដែរ គាត់មានប្រសាសន៏ថាត្រូវមកព្យាបាលអោយទាន់ពេលកុំទុកយូរព្រោះវាប៉ះពាល់ដល់បេះដូងកូន តែចៃដន្យថ្ងៃនោះចំថ្ងៃសៅរ៏មិនមានពេទ្យធ្វើការទេដូចនេះគាត់ថាចាំថ្ងៃច័ន្ទដល់ថ្ងៃសុក្រមកមកទើបមានពេទ្យធ្វើការ ខ្ញុំក៏មកផ្ទះវិញហើយចេះតែទុកទៀតមកដល់ម្សិលម្ងៃនេះកូនខ្ញុំចូលក្បាល៧ខែ ខ្ញុំក៏ត្រលប់ទៅជួបពេទ្យពីរឿងនឹងវិញគាត់ក៏សួរថាហេតុអីក៏ទុកមកដល់ពេលនេះចង់ហួសពេលហើយអ្នកម្តាយខ្ញុំក៏ចាប់ផ្តើមភ័យខ្លួនរួចគាត់ក៏ប្រាប់ថាព្យាបាលត្រូវគេងនៅពេទ្យ១ឬ២យប់ដើម្បីតាមដាន។ ជំហានដំបូងខាងគ្រូពេទ្យគាត់យកកូនប្រុសរបស់ខ្ញុំទៅអេកូបេះដូងសិន ដើម្បីចង់ដឹងថាតើបេះដូងកូនរបស់ខ្ញុំមានបញ្ហាត្រង់សរសៃឈាមណាមួយដែរឬទេ ហើយតើបេះដូងកូនរបស់ខ្ញុំមានលោតយឺតឬញាប់ខុសពីធម្មតាដែរឬទេ បន្ទាប់ពីពិនិត្យរួចរាល់ពេលល្ងាចគាត់ក៏អោយថ្នាំញាំដើម្បីព្យាបាល ថ្នាំនេះអាចធ្វើអោយជីពចរកូនខ្ញុំប្រែប្រួលទៅជាយឺតឬលឿនបាន ជាទូទៅជីពចរត្រូវលោត១២០ដល់១២៨ដងក្នុងមួយនាទី បើសិនជាលើសឬខ្វះពីចំនួននេះត្រូវប្រាប់គ្រូពេទ្យជាបន្ទាន់ដូចនេះញុំត្រូវនៅស្ទង់ជីពចរកូន១ម៉ោងម្តងយ៉ាងតិច។ ពេលនៅមន្ទីរពេទ្យមានបងប្រុសម្នាក់ដែលកូនគាត់គេងនៅបន្ទប់នឹងដែរគាត់បានប្រាប់ថាកូនគាត់ក៏ធ្លាប់មានជំងឺនេះដែរហើយដំបូងក៏ប្រើថ្នាំចឹងដែរតែពេលដែលប្រើថ្នាំកូនរបស់គាត់ចាប់ផ្តើមដង្ហក់ ដកដង្ហើមហត់គ្រូពេទ្យក៏បញ្ឈប់ការព្យាបាលដោយប្រើថ្នាំជំនួសដោយការវះកាត់វិញ ទើបកូនគាត់ជាមកដល់សព្វថ្ងៃតែត្រូវចំណាយពេលព្យាបាលយូរណាស់ទើបជាសះស្បើយ។ សម្រាប់កូនខ្ញុំឥលូវនេះកំពុងតែប្រើថ្នាំសម្រាប់ព្យាបាល ដូចនេះទើបនាងខ្ញុំចែករំលែកជូនអ្នកទាំងអស់គ្នាបើករណីឃើញមានដុំដូចកូនខ្ញុំចឹងអោយពួកគាត់យកក្មេងទៅពេទ្យកុមារកាន់តែឆាប់កាន់តែល្អជៀសវាងមានបញ្ហាកើតឡើងលឺក្មេង ម្តាយណាមិនស្រលាញ់កូនខំបង្កើតមកវិះនឹងបាត់បង់ជីវិតខ្លួនឯងហើយ»៕





