ករណីកញ្ញាទេព បូព្រឹក្ស ត្រូវបុរសម្នាក់គប់ស្រាបៀររហូតឈានដល់ការប្ដឹងផ្តល់អស់ពេលប៉ុន្មានថ្ងៃមកនេះ ត្រូវបានឈានដល់ការបញ្ចប់ ដោយកញ្ញាទទួលបានការសុំទោសជាសាធារណៈ និងសងសំណងចំនួន ១ ម៉ឺនដុល្លារ ពីជនបង្ក។ ក្នុងនោះ កញ្ញាក៏បានឲ្យដឹងផងដែរថា កញ្ញានឹងបរិច្ចាគ៣,០០០ដុល្លារនៃប្រាក់សំណង ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ហើយនៅសល់៧,០០០ដុល្លារទៀត ត្រូវផ្តល់ជូនសមាគមអ្នកសិល្បៈ សម្រាប់ចាត់ចែងបន្ត។
ជាក់ស្ដែង នាព្រឹកថ្ងៃទី ២៩ ធ្នូ ក្រោយបញ្ចប់ក្ដីមួយថ្ងៃ លោក ហេង ឡុង និងកញ្ញាទេព បូព្រឹក្ស បានទៅសួរសុខទុក្ខ ក៏ដូចជាពាំនាំយកនូវអំណោយជាទឹកប្រាក់ទៅជូននាយក្ដិប ដែលកំពុងធ្លាក់ខ្លួនឈឺដល់ផ្ទះតែម្ដង។ យោងតាមការរៀបរាប់របស់លោក ហេង ឡុង បានឲ្យដឹងថា៖ «ទីបំផុតកញ្ញាទេព បូព្រឹក្ស បានមកដល់គេហដ្ឋានផ្ទះរបស់នាយក្តឹបជាមួយនឹងថវិកាតាមការសន្យា។ អរគុណសម្រាប់ការស៊ែរចែករំលែកលើកទឹកចិត្តជូនកញ្ញា កុំឲ្យជនអគតិមួយក្តាប់តូចឆ្លៀតឱកាសវាយប្រហារដោយទាំងងងឹតងងុល»៕

















